May22

Tools for parents: What to look for in a preschool program (Khmer)

Categories // Teaching Children - Cambodia

តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​អប់រំ​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ដែល​មាន​គុណភាព​ខ្ពស់​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ចំណាត់​ថ្នាក់​មួយ​ដែល​ជួយ​នាំ​ឱ្យ​មាន​ភាព​ជោគ​ជ័យ​ទៅ​ដល់​ការ​សិក្សា​របស់​កុមារ​នា​ពេល​ខាង​មុខ។ ប៉ុន្តែ ក្នុង​នាម​យើង​ជា​មាតា​បិតា​របស់​ពួក​គេ តើ​យើង​គួរ​ស្វែង​យល់ និង​ពិនិត្យ​លើ​អ្វី​ខ្លះ​ដើម្បី​អាច​ជ្រើស​រើស​សាលា​ឱ្យ​កូន?

បើ​តាម​ប្រសាសន៍​របស់​អ្នក​ជំនាញ​ផ្នែក​អប់រំ​កុមារ​តូច ដេបូរ៉ា ស្ទីផិក (Deborah Stipek) បាន​ឱ្យ​ដឹង​ថា កម្មវិធី​សិក្សា​ដែល​មាន​ប្រសិទ្ធភាព​ភាគ​ច្រើន​មាន​ភាព​ដូច​គ្នា​ដែល​អាច​សម្គាល់​បាន​ដោយ​ងាយ​គ្រាន់​តែ​ចូល​ទៅ​ទស្សនា​នា​ពេល​ដំបូង​តែ​ប៉ុណ្ណោះ។

ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​មិន​ត្រឹម​តែ​ជា​ថ្នាក់​ដែល​ត្រូវ​តែ​រៀន​ជា​ចាំ​បាច់​នោះ​ទេ តែ​វា​ត្រូវ​បាន​ឪពុក​ម្ដាយ​ជា​ច្រើន​តែង​និយម​ស្វែង​រក​ដើម្បី​ឱ្យ​កូន​ចូល​រៀន​ជា​ជាង​គ្រាន់​តែ​រក​ថ្នាក់​មើល​ថែ​ធម្មតា​មុន​នឹង​ពួកគេ​ចាប់​ផ្ដើម​ចូល​រៀន​នៅ​ថ្នាក់​បឋម​សិក្សា។ ដូច​នេះ តើ​លោក​អ្នក​ដែល​ជា​ឪពុក​ម្ដាយ​ក្មេង​តូចៗ​គួរ​ស្វែង​យល់​អ្វី​ខ្លះ​ពី​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​នៃ​សាលា​នីមួយៗ​មុន​នឹង​ឱ្យ​កូន​ចូល​រៀន?

1- គុណភាពនៃការបង្រៀន

តាម​ប្រសាសន៍​របស់​អ្នក​ជំនាញ​ខាង​លើ​ដដែល​បាន​ឱ្យ​ដឹង​ថា ខណៈ​ពេល​ដែល​លោក​អ្នក​បាន​ឈាន​ជើង​ចូល​ទៅ​ដល់​សាលា​ថ្មី​មួយ​ដំបូង​ដែល​ជា​សាលា​មាន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ដែល​ដំណើរ​ការ​យ៉ាង​ល្អ​អាច​មើល​ទៅ​ដូច​ជា​មាន​ក្មេង​លេង​ច្រើន ប៉ុន្តែ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ការ​លេង​នោះ​ក៏​ផ្ដល់​នូវ​ការ​សិក្សា​ដល់​សិស្ស​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​នោះ​ផង​ដែរ។ គុណ​តម្លៃ​នៃ​ការ​អប់រំ​ច្រើន​តែ​កើត​ចេញ​ពី​ការ​សាង​សង់​ដោយ​ប្រើ​ដុំ​ជ័រ​ផ្គុំ ឬ​ការ​បង្កើត​ពណ៌​ស្អាតៗ​ដោយ​ប្រើ​ទឹក និង​បន្ទះ​ដាក់​ទឹក ដោយ​មាន​គ្រូ​ជា​អ្នក​ពន្យល់​ពី​បាតុភូត​នោះ​ផងដែរ។ ការ​បង្រៀន​ល្អ គឺ​ជា​ការ​បង្រៀន​ដែល​ពោរ​ពេញ​ទៅដោយ​គោល​បំណង។ ប្រសិន​បើ​អ្នក​សួរ​គ្រូ​បង្រៀន​នោះ ពួក​គេ​គួរ​តែ​អាច​មាន​សមត្ថភាព​ក្នុង​ការ​ពន្យល់​ពី​មូលហេតុ​ និង​អ្វី​ដែល​ជា​គោល​បំណង​នៃ​សកម្មភាព​នោះ​ជា​មិន​ខាន។ មាន​ក្មេងៗ​មួយ​ចំនួន​កំពុង​សាង​សង់​សំណង់​នានា​ដោយ​ប្រើ​ឈើ​ផ្គុំ​នៅ​ជ្រុង​ម្ខាង​ដែល​កំពុង​រៀន​អំពី​មូលហេតុ​នៃ​​លំហ រូប​វិទ្យា​ងាយៗ និង​ពេល​ដែល​គេ​ចាប់​ផ្ដើម​ធ្វើ​វា​ជា​ក្រុម កិច្ច​សហការ​នឹង​ចាប់​ផ្ដើម​មាន។ កុមារ​ខ្លះ​ទៀត​លាយ​ពណ៌​ផ្សេងៗ​បញ្ចូល​គ្នា​នៅ​ក្នុង​បន្ទះដាក់​ទឹកកក​ដែល​កំពុង​រៀន​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ពណ៌ ដូចជា ពណ៌​លឿង​លាយ​ជាមួយ​នឹង​ពណ៌ខៀវ ចេញ​ពណ៌​បៃតង។ សកម្មភាព​ទាំង​ពីរ​​​នេះ គឺ​ជា​ឧទាហរណ៍​ដែល​បង្ហាញ​ថា​កុមារ​កំពុង​រៀន​ពី​បរិស្ថាន​ជុំវិញ​ពួកគេ។

ទាំងនេះ គឺ​ជា​អ្វី​ដែល​មនុស្ស​ដែល​មាន​ការ​អភិវឌ្ឍ​ការ​យល់ដឹង​សំដៅ​លើ​ការ​អភិវឌ្ឍ​បាន​ដោយ​ខ្លួន​ឯង។ ពួកគេ​ទទួល​បាន​នូវ​ការ​យល់​ដឹង​បែប​នេះ​បន្ទាប់​ពី​ពួក​គេ​រៀន​វា​ផ្ទាល់។

គ្រូ​បង្រៀន​ថ្នាក់​អប់រំ​កុមារ​តូច​ភាគ​ច្រើន​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​សម្រាប់​ថ្នាក់​អប់រំ​កុមារ  ហើយ​ពួកគេ​នឹង​ត្រូវ​បញ្ជូន​ឱ្យ​ទៅ​រៀន ឬ​បណ្ដុះ​បណ្ដាល​បន្ថែម។

គ្រូ​បង្រៀន​ដែល​ល្អៗ​គ្រប់​កម្រិត​ថ្នាក់​បង្រៀន​ដឹង​យ៉ាង​ច្បាស់​ថា​កុមារ​តូចៗ​មាន​ចំណង់​ក្នុង​ការ​ចំណាយ​ពេល​ធ្វើអ្វី​មួយ​ខ្លី​មែន​ទែន ហើយ​វិធី​ដែល​ល្អ គឺ​ទុក​ឱ្យគេ​​ជ្រើសរើស​សកម្មភាព​ផ្ទាល់​ខ្លួន ឬ​សកម្មភាព​នានា​ដែល​គេ​អាច​ប្រើ​ក្នុង​ក្រុម។ កម្មវិធី​សិក្សា​ដែល​ល្អ​នឹង​បង្ហាញ​នូវ​កិច្ចការ​របស់​សិស្ស​មាន​លក្ខណៈ​ប្លែកៗ​គ្នា។

ការ​ផ្ដល់​ឱ្យ​សិស្ស​នូវ​ជម្រើស​ពី​សកម្មភាព​ដែល​ពួក​គេ​ត្រូវ​ធ្វើ​មិន​មែន​មាន​ន័យ​ថា​គ្រូ​មិន​មាន​ផែនការ​សម្រាប់​បង្រៀន​នោះ​ទេ។ នៅ​សាលា​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ភាគ​ច្រើន​មាន​កម្មវិធី​សិក្សា​ដែល​ត្រូវ​ការ​មាន​សកម្មភាព​ជា​ក្រុម​ពេញ​មួយ​ថ្ងៃ។ នេះ​សម្រាប់​ថ្នាក់​ដែល​មាន​គ្រូ​ប្រចាំ​ថ្នាក់ និង​សកម្មភាព​ដែល​មាន​ការ​គ្រប់គ្រង​ដោយ​ខ្លួន​ឯង។

អ្នក​មិន​ចាំ​បាច់​ត្រូវ​ប្រាប់​ក្មេងៗ​ទាំង​នោះ​ពី​អ្វី​ត្រូវ​ធ្វើ​គ្រប់​ពេល​នោះ​ទេ គឺ​អ្នក​គ្រាន់​តែ​ប្រាកដ​ចិត្ត​ថា​ពួក​គេ​អាច​ទទួល​បាន​នូវ​បទពិសោធន៍ ពីព្រោះ​វា​មាន​សារ​សំខាន់ ប៉ុន្តែ​ វា​ក៏​អាច​ឱ្យ​ពួកគេ​អាច​ធ្វើ​កិច្ចការ​បាន​ផង​ដែរ។

ដើម្បី​ឱ្យ​ប្រាកដ​ថា​កុមារ​មាន​ការ​គ្រប់គ្រង​ត្រឹម​ត្រូវ ក្នុង​ថ្នាក់​នីមួយៗ​តម្រូវ​ឱ្យ​មាន​មនុស្ស​ពេញ​វ័យ​នៅ​ក្នុង​ថ្នាក់​នោះ​ប៉ុន្មាន​នាក់ រួម​ទាំង​គោលការណ៍​ដែល​ក្នុង​មួយ​ថ្នាក់​ត្រូវ​មាន​សិស្ស​ប៉ុន្មាន​នាក់​ផង​ដែរ​ដើម្បី​ឱ្យ​សមាមាត្រគ្នា។ ជាទូទៅ ក្នុង​ថ្នាក់​ដែល​មាន​មនុស្ស​ធំ​នៅ​ប្រចាំ​ការ​ម្នាក់ គេ​អាច​មើល​ក្មេង​ដែល​មាន​អាយុ ៣ ទៅ ៤ ឆ្នាំ​ចំនួន ៨ នាក់ ហើយ​គ្រូ​ដែល​មានជំនាញ​ម្នាក់​អាច​មើល​សិស្ស​បាន ២៨ នាក់។ សាលា​ភាគ​ច្រើន​តែង​ជួល​ជំនួយ​ការ​គ្រូ​ដែល​មាន​សញ្ញាបត្រ​បង្រៀន​ទាប​ជាង​គ្រូ​ប្រចាំ​ថ្នាក់ដើម្បី​ឱ្យ​មាន​តុល្យភាព​ក្នុង​ការ​គ្រប់គ្រង​ថ្នាក់​នីមួយៗ។ នៅ​ក្នុង​កម្មវិធី​សហការ​ខ្លះ​វិញ ឪពុក​ម្ដាយ​សិស្ស​អាច​ជួយ​គ្រប់​គ្រង​ថ្នាក់​រៀន​ជាមួយ​នឹង​គ្រូ​បង្រៀន។

គន្លឹះ​សម្រាប់​មាតា​បិតា៖ ស្វែង​រក​ការ​ចូលរួម​ជាមួយ​សិស្ស​ក្នុង​សកម្មភាព​ចម្រុះ​ផ្សេងៗ​ដែល​អនុញ្ញាត​ឱ្យ​ពួកគេ​មាន​គំនិត​ជ្រើស​រើស មាន​ភាព​ច្នៃ​ប្រឌិដ្ឋ និង​សប្បាយ។ សួរ​គ្រូ​បង្រៀន ឬ​ខាង​សាលា​ដើម្បី​ពន្យល់​ពី​គោលបំណង​ដែល​នៅ​ពីក្រោយ​សកម្មភាព​ដែល​អ្នក​បាន​សង្កេត​ឃើញ។ សួរ​ពី​ប្រវត្តិ​សិក្សា និង​បទពិសោធន៍​នៃ​គ្រូ​បង្រៀន​នៅ​សាលា​នោះ។

2- បរិយាកាសក្នុងថ្នាក់រៀន

ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​គួរ​តែ​មាន​ប្លង់​ដែល​មាន​បញ្ជាក់​ពី​ធ្នើ​ទាបៗ តុ កៅអី និង​ផ្នែកបន្ទប់​ទឹក​ដែល​អាច​មើល​ឃើញ។ បើ​ទោះ​ជា​វា​ដូច​ជា​មាន​ភាព​ចម្លែក តែ​តាម​ច្បាប់ បន្ទប់​ទឹក​កុមារ​គួរ​តែ​បិទ តែ​អាច​ឱ្យ​គ្រូមើល​ឃើញ​ពួក​គេ ហើយ​សិស្ស​ផ្សេង​ទៀត​មិន​អាច​មើល​ឃើញ។

សូម​មើល​ពី​បរិយាកាស និង​សុវត្ថិភាព​ដែល​កុមារ​មាន​ទោះ​ជា​មិនមាន​ការ​ឃ្លាំ​មើល​គ្រប់​វិនាទី​ក៏​ដោយ។

លោក​ស្រី ស្ទីផិក ក៏​បាន​បង្ហាញ​ទៀត​ផង​ដែរ​ពី​ជ្រុង​ជញ្ជាំង​ដែល​មាន​លក្ខណៈ​មូល នោះ​ហើយ គឺ​ជា​ផ្នែក​មួយ​នៃ​សុវត្ថិភាព​។ ឪពុកម្ដាយ​គួរ​តែ​ស្វែង​រក​អនាម័យ​ទូទៅ ក៏​ដូចជា​កន្លែង​ដែល​ត្រូវ​មាន​សុវត្ថិភាព​នានា​ដូច​ជា ប្រអប់​ដោត​ខ្សែ​ភ្លើង​ ទូដាក់​របស់​លេង​ដែល​មិន​មាន​គែម​ស្រួចៗ មិនមាន​របស់​ដែល​អាច​បង្ក​គ្រោះថ្នាក់ រួម​ទាំង​ទឹក​ថ្នាំ​គំនូរ និង​សម្ភារ​សម្អាត​ជា​ដើម។

ជ័រ ឬ​ឈើផ្គុំ តុក្កតា សៀវភៅ និង​របស់​ផ្សេងៗ​ទៀត​ត្រូវ​តែ​ត្រៀម​រួច​ជាស្រេច​សម្រាប់​ឱ្យ​ក្មេង​លេង​បាន​ភ្លាមៗ​ដោយ​ពុំចាំ​បាច់​ត្រូវ​ការ​ជំនួយ​ពី​មនុស្សធំ​ក្នុង​ការ​យក​ឱ្យ​នោះ​ទេ។ នៅ​ក្នុង​អំឡុង​ពេល​ម៉ោង​សិក្សា​ជាលក្ខណៈ​មជ្ឈមណ្ឌល ពេល​ដែល​កុមារ​អាច​ជ្រើសយក​សកម្មភាព​ផ្សេងៗ​ដែល​បាន​ដាក់​នៅ​ជុំវិញ​ថ្នាក់ សម្ភារ​ដែល​គួរ​មាន​ត្រូវ​ដាក់​តម្រៀប​រួច​ជាស្រេច​ឱ្យ​ពួក​គេ​យក​ប្រើ។

អ្វី​ដែល​មិន​ល្អ​ដែល​មាន​នៅ​សាលា​នោះ​ គឺ កុមារ​ត្រូវ​ហារ​មាត់​សុំ​របស់​លេង។ គ្រូ​បង្រៀន​ដែល​ខ្លាំង​ម្នាក់​ចង់​ឱ្យ​កុមារ​មាន​ទេពកោសល្យ​ក្នុង​ស្វែង​រក​គំនិត​ដោះ​ស្រាយ​បញ្ហា មិនមែន​ចំណាយ​ពេល​សុំ​របស់​លេង​នោះ​ទេ។

គន្លឹះ​សម្រាប់​មាតា​បិតា៖ ស្វែង​រក​ថ្នាក់​រៀន​ដែល​មាន​ការ​រៀប​ចំ​ត្រឹមត្រូវ​ដែល​អាច​ឱ្យ​គ្រូ​អាច​មើល​សិស្ស​ឃើញ​ច្បាស់​ពេល​ដែល​ពួក​គេ​កំពុង​លេង។ ធ្នើ​ដែល​មាន​កម្ពស់​ទាបៗ​អាច​ដាក់​សម្ភារ​ដែល​កុមារ​អាច​លេង​ដើម្បី​បង្កើន​ប្រាជ្ញា។ ពិនិត្យ​មើល​ថ្នាក់​រៀន និង​ទោង​ថា​មាន​អនាម័យ និង​មាន​សុវត្ថិភាព​សម្រាប់​កូនៗ​លេង។

3- លទ្ធផលសិក្សារបស់សិស្ស

ឪពុក​ម្ដាយ​មួយ​ចំនួន​ប្រហែលជា​ខ្លាច​រអា​ពេល​ដែល​គិត​ដល់​ថា​កូន​គាត់​នឹង​ត្រូវ​ធ្វើ​តេស្ដ​ចូល​រៀន ប៉ុន្តែ កម្មវិធី​សាលា​ដែល​ខ្លាំង​មួយ​នឹង​តាមដាន​រាល់​ការ​អភិវឌ្ឍ​របស់​កុមារ​នីមួយៗ។ ការ​វាយ​តម្លៃ​ជា​ច្រើន​សម្រាប់​ភាព​លូតលាស់​នៃ​សង្គម​ និង​អារម្មណ៍ ក៏​ដូចជា​ការ​រៀបចំ​សម្រាប់​ការ​ចូល​រៀន​ត្រូវ​តែរៀបរយ​សម្រាប់​អ្នក​អប់រំ​កុមារ​តូច។ ការ​វាយ​តម្លៃ​ជា​លក្ខណៈ​មិន​ពាក់ព័ន្ធ​នឹង​ការ​សិក្សា​អាច​ជួយ​ឪពុកម្ដាយ និង​គ្រូ​បង្រៀន​ក្នុង​ការ​កំណត់​លក្ខណៈ​អភិវឌ្ឍ​សំខាន់ៗ​ដូច​ជា ការ​ចេះ​ឱ្យ​តម្លៃ​លើ​ខ្លួន​ឯង កម្រិត​យល់ដឹង​ដែល​កុមារ​អាច​យល់​ពេល​ដែល​មនុស្ស​ធំ​កំពុង​និយាយ​ជាមួយ​ពួកគេ។

ភាព​យឺតយ៉ាវ​នៃ​ការ​អភិវឌ្ឍ​ការ​ចំណាំ និង​កំណត់ ពិការភាព​ក្នុង​ការ​សិក្សា និង​បញ្ហា​សុខភាព គឺ​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់​សាលា​មត្តេយ្យ​នោះ។ ឪពុកម្ដាយ​គួរ​តែ​ធ្វើការ​កត់ចំណាំ​នូវ​ភាព​មិន​ប្រក្រតី និង​ធ្វើការ​ជាមួយ​គ្រួ​បង្រៀន​ដើម្បី​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​នោះ​ប្រសិន​បើ​រក​ឃើញ​ថាមាន​ភាព​យឺតយ៉ាវ​ណាមួយ​គួរ​ឱ្យ​កត់​សម្គាល់។

មិន​មាន​បញ្ជី​ជំនាញ​ណាមួយ​ដែល​កុមារ​ត្រូវ​រំពឹង​ថាមាន​នោះឡើយ​ពេល​ដែល​ពួកគេ​រៀន​ចប់​ថ្នាក់​មត្តេយ្យ​នោះ ប៉ុន្តែ​រង្វាយ​តម្លៃ​ភាព​លូតលាស់​នៃ​ការ​អភិវឌ្ឍ​នៅ​តាម​បណ្ដា​សាលា​បង្រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ភាគ​ច្រើន​អាច​ផ្ដល់​គំនិត​ឱ្យ​ឪពុកម្ដាយ​នូវ​ជំនាញ​ផ្សេងៗ​ដែល​កុមារ​គួរ​តែមាន​រួច​ជា​ស្រេច​សម្រាប់​ចូល​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ខ្ពស់។ ជំនាញ​សង្គម ដូច​ជា​សមត្ថភាព​ក្នុង​ការ​រង់​ចាំ​វេន​របស់​ខ្លួន ការ​គ្រប់គ្រង​ភាព​តក់​ក្រហល់​ដែល​អាច​កើត​មាន​ឡើង​របស់​កុមារ និង​ការ​លេង​ជាមួយ​នឹង​មិត្តភក្ដិ​ប្រកប​ដោយ​រលូន​នៅ​ថ្នាក់​មត្តេយ្យ។

ចំណែកឯ នៅ​ក្នុង​ផ្នែក​ការ​សិក្សា​វិញ​នោះ កុមារ​ណា​ដែល​អាច​សម្គាល់​បាន​នូវ​អក្សរ និង​លេខ ដឹង​ថា​ត្រូវ​កាន់​សៀវភៅ​យ៉ាង​ណា និង​បើក​ទំព័រ​ទី​ប៉ុន្មាន និង​យល់​ពី​គណិតវិទ្យា​ងាយៗ​ជា​មូលដ្ឋាន ដូច​ជា​ការ​រាប់​លេខ និង​ប្រភេទ​នៃ​ទម្រង់​រូប​រាង នឹង​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​សម្រាប់​ចាប់​ផ្ដើម​រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ខ្ពស់។ កម្មវិធី​សិក្សា​នៅ​តាម​សាលាមត្តេយ្យ​កម្រិត​ទាប​មួយ​ចំនួន​ផ្ដោត​សំខាន់​លើ​ជំនាញ​សិក្សា​ច្រើន​ជាង​ជំនាញ​ផ្សេងៗ ហើយ​មាតា​បិតា​គួរ​តែ​សួរ​ខាង​សាលា​ដើម្បី​យល់​ពី​ព័ត៌មាន​បន្ថែម​នៃ​កម្មវិធី​ទាំង​នោះ។ សាលា​ដែល​មាន​គុណភាព​ខ្ពស់​ផ្ដល់​ម៉ោង​លេង និង​រុក​រក​ដល់​កុមារ​ ដោយ​មាន​គ្រូ​បង្រៀន​ចាំ​ណែនាំ​ពី​សកម្មភាព​ផ្សេងៗ​ដែល​អាច​ជំរុញ​ដល់​ការ​គិត និង​ដោះស្រាយ​បញ្ហា​របស់​កុមារ ហើយ​ផ្ដល់​នូវ​វិធី​ច្បាស់​ក្នុង​ការ​តាម​ដាន​ដំណាក់​កាល​អភិវឌ្ឍ​របស់​កុមារ។

គន្លឹះ​សម្រាប់​មាតាបិតា៖ សួរ​ទៅ​កាន់​សាលា​ពី​វិធី​ដែល​គេ​តាម​ដាន​ការ​វិវឌ្ឍ​របស់​កុមារ និង​បង្ហាញ​ពីបញ្ហា​ចម្បង​ដែល​គួរ​ដោះស្រាយ។ ពិនិត្យ​មើល​គម្រោង​នៃ​កម្មវិធី​សិក្សា​របស់​សាលា ឬ​ក៏សួរ​ពី​ជំនាញ​សិក្សា​ដំបូង​ដែល​ត្រូវ​ប្រើ។

4- ទំនាក់ទំនងរវាងសិស្ស និងបុគ្គលិក ឬគ្រូ

គ្រូ​បង្រៀន​គួរ​តែ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​កុមារ​តាម​កម្រិត​របស់​ពួកគេ។ ការ​បង្កើត​ការ​ទាក់ទង​តាម​រយៈ​ភ្នែក និង​ភ្នែក​ជំរុញ​ឱ្យ​សិស្ស​និយាយ​ទៅ​កាន់​គ្រូ​កាន់​តែ​យូរ ជួយ​បង្កើន​សមត្ថភាព​ភាសា និង​ជួយ​ឱ្យ​កុមារ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​ជាមួយ​នឹង​គ្រូ​របស់​ពួក​គេ។ ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​គ្រូ និង​សិស្ស​ជួយ​ពង្រឹង​សមត្ថភាព​សិក្សា​ដល់​សិស្ស។

គ្រូ​បង្រៀន​ថ្នាក់​មត្តេយ្យ​កម្រិត​ទាប​ដើរ​តួ​ជាម្ដាយ​ឪពុក​របស់​សិស្ស​តូចៗ​ទាំង​នោះ​ដែល​នឹង​ខំ​ប្រឹង​រៀន​ឱ្យ​អស់​ពី​សមត្ថភាព​ពេល​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​មាន​គេ​យក​ចិត្ត​ទុក​ដាក់ និង​មាន​អារម្មណ៍​ដូច​ជា​ស្និទ្ធស្នាល​នឹង​គ្នា។ គ្រូ​បង្រៀន​ត្រូវ​តែ​ព្យាយាម​កាត់​បន្ថយ​គ្រោះថ្នាក់ ឬ​របួស​ស្នាម​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​លើ​សិស្ស និង​ពេល​ខ្លះ​ត្រូវ​ជួយ​ពួក​គេក្នុង​ការ​ធ្វើ​កិច្ចការ​ខ្លះៗ​ដូច​ជា ចង​ខ្សែ​ស្បែក​ជើង ឬ​ប្ដូរ​ខោ​ប្រឡាក់​បន្ទាប់​ពី​ចេញ​ពី​បន្ទប់​ទឹក​ជាដើម។ មួយវិញ​ទៀត​ ប្រសិន​បើ​ក្មេង​តូច​នោះ​មាន​អារម្មណ៍​តាន​តឹង ឬ​ឈឺ​ចាប់ សូម​ផ្ដល់​នូវ​ការ​អោប​ដ៏​កក់​ក្ដៅ​ដល់​ពួក​គេ ដើម្បី​ឱ្យពួក​គេ​មាន​អារម្មណ៍​ល្អ​ឡើង​វិញ។

វិធីមួយទៀត​ដែល​អាច​ឱ្យ​គ្រូ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​កុមារ​បាន គឺ​ការ​សន្ទនា​ជាមួយ​គ្នា។ គ្រូ​បង្រៀន​ដែល​ខ្លាំង​ម្នាក់​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ស្ដាប់​សិស្ស​ជា​ជាង​និយាយ។ លើស​ពី​នេះ វា​ក៏​អាច​ឱ្យ​កុមារ​អភិវឌ្ឍ​ជំនាញ​ភាសា​របស់​ពួកគេ​ផង​ដែរ។

កុមារ​គួរ​តែ​ធ្វើ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​កុមារ​គ្នា​ឯងផង​ដែរ​ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​គ្រូ។ ពេល​ដែល​មាន​គំនិត​មិន​យល់​ស្រប​គ្នា​កើត​ឡើង​រវាង​កុមារ និង​កុមារ គ្រូ​បង្រៀន​ត្រូវ​តែ​ជួយ​ពួក​គេ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​ពួក​គេ​ក្នុង​ពេល​សម​ស្រប​ណា​មួយ​ជា​ជាង​ចំណាយ​ពេល​ដាក់​ពិន័យ។ ភាព​មិន​ចុះសម្រុង​នឹង​កម្រ​កើត​មាន​ឡើង​ណាស់​ប្រសិន​បើ​ថ្នាក់​រៀន​នោះ​មាន​កិច្ចការ​ច្រើន​ត្រូវ​ធ្វើ និង​សម្ភារ​ជា​ច្រើន​សម្រាប់​សិស្ស​ទាំង​អស់​គ្នា។

ពេល​ដែល​មាន​បរិស្ថាន​ជុំវិញ​មាន​សុវត្ថិភាព និង​មាន​ទម្លាប់​ច្បាស់​លាស់ គ្រូ​មិន​ចាំបាច់​ត្រូវ​ស្រែក​ឱ្យ​សិស្ស​គ្រប់​ពេល​នោះ​ទេ។ ហើយ​ពេល​ដែល​សិស្ស​ដឹង​ថា​ត្រូវ​រំពឹង​ពី​គ្រូ និង​ថ្នាក់​រៀន​អ្វី​ខ្លះ​នោះ ពួក​គេ​នឹង​មាន​ភាព​អវិជ្ជ​មាន​តិច។

គន្លឹះ​​សម្រាប់​មាតា​បិតា៖ ស្វែង​រក​ថ្នាក់​ដែល​គ្រូ និង​សិស្ស​មាន​ភាព​ជិត​ស្និទ្ធ ដែល​បង្ហាញ​ពីសញ្ញា​នៃ​ការ​ជឿជាក់​លើ​អ្នក​មើល​ថែពួក​គេ ដូច​ជា​ការ​រត់​ទៅ​អោប ឬ​ការ​សួរ​គ្រូ​ក្នុង​ការ​ចូលរួម​សកម្មភាព​អ្វី​មួយ។ ត្រូវ​ពិនិត្យ​មើល​ថា​កុមារ​ជ្រើស​រើស​លេង​ជាមួយ​មិត្តភក្ដិ​គេ​ក្នុង​ពេល​ចេញ​លេង និង​សុំ​គ្រូជួយ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​ដើម្បី​ជំរុញ​ដល់​ការ​សហការ​គ្នា៕

ប្រភពអត្ថបទ៖ Tools for parents: What to look for in a preschool program

Leave a comment

You are commenting as guest.